លោក អម សុភា ចុះពិនិត្យ​អំពីវឌ្ឍន​ភាព​នៃការ​អនុ​វត្តគម្រោង​​ឡា​សិត២ នៅឃុំចំនួន៣ ក្នុងស្រុក​សាមគ្គីមាន​ជ័យ

  • កំពង់ឆ្នាំង ៖ ដើម្បី​ធានា​អោយ​បាន​នូវ​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្តគម្រោង​អោយកា​ន់​តែ​ប្រសើរ​ឡើងនិ​ងមានការ​ចូលរួម​ពីប្រជា​ពលរដ្ឋ នៅថ្ងៃ​ទី៧ ខែ​កក្កដា​ ឆ្នាំ​២​០​២០​នេះ ​លោក​ អម សុភា អភិ​បាល​រង​ខេត្តកំ​ពង់​ឆ្នាំង និង​ជាប្រធាន​គ្រប់​គ្រង​គម្រោង​បែង​ចែក​ដីសង្គ​ម​កិច្ចនិង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចដំ​ណាក់​កាលទី២ ហៅកាត់​ថា LASED II បាន​ដឹកនាំមន្រ្តីគម្រោង​គ្រប់វិស័យ ចុះពិនិត្យមើល​អំពីវឌ្ឍន​ភាព នៃការ​អនវុត្តគម្រោង​ របស់​សម្បទានិក​ នៅ​ឃុំចំនួន​៣ ក្នុ​ងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់​ឆ្នាំង​ ។

    លោក អម សុភា នៅក្នុង​ឱកាស​អញ្ជើញដឹក​នាំមន្ត្រី ចុះទៅ​ពិនិត្យអំពីវឌ្ឍន​ភាព​នៃកា​រអនុវត្តគម្រោង​នេះ បានប​ញ្ជាក់ថា ​ក្រុមការងារ​បាន​ចុះពិនិត្យមើល​សម្ប​ទាន​​និក​ ដែល​ជា​អ្នកទទួលផល​ពីគ​ម្រោង​បានអភិវឌ្ឍន៍​អ្វីខ្លះ នៅ​លើដីសម្បទាន​ដែលទទួល​បាន ដើម្បីប​ង្កើនសេដ្ឋកិច្ចគ្រួសារ​ តាម​រយៈ​ការគាំទ្រ​លើគ្រប់​វិស័យ​ ពី​គម្រោង​មួយ​នេះ ។ ការអភិវឌ្ឍគម្រោង​នេះ គឺដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ដល់​សម្បទានិក​ដែល​ជាអ្នក​ទទួលផល​ពីគម្រោង​ មាន​ផ្នែកធន​ធាន​កសិកម្ម​ និង​ ធន​ធាន​ជន​បទ​ សេវា​កម្មនា​នា​ និង​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​សហគមន៍ គម្រោង​សុខមាល​ភាព អប់រំ​ និង​ សន្តិសុខ​ ។

    លោក អម សុភា បានធ្វើការវាយតម្លៃខ្ពស់ចំពោះ​ការចូលរួមពីស​ម្បទាននិក ក្នុងការអនុវត្តគម្រោង​​ឡាសិត២នេះ តាមរយៈសកម្មភាពនៃការងារបង្កើន​សេដ្ឋកិច្ចក្នុង​គ្រួសារ ដូចជាដាំដំណាំកសិកម្ម ចិញ្ចឹម​សត្វ បង្កើត​មុខរបរ ដែលផ្តល់ដោយ​គម្រោងឡា​សិត២នេះ ។ ក្នុងនោះបាន​ជម្រុញ​​អោយប្រជា​ពលរដ្ឋ ដែលជា​សម្បទា​និក​នៅ​តំបន់​នេះ ត្រូវប្រើប្រាស់​ដីកសិ​​កម្មអោយ​អស់លទ្ធភាព ដើម្បីរកចំណូល​ពីការប្រើប្រាស់ដី​នេះកាន់​តែធ្វើអោយ​ជីវភាព​មាន​ភាពប្រសើរ​ឡើង ។

    ​គួរបញ្ជាក់​ថា គម្រោងឡាសិត២ ដែលកំពុ​ងអនុវត្ត នៅក្នុងស្រុកសា​មគ្គីមាន​ជ័យ មាន៣ឃុំ គឺឃុំឈាន​ឡើង ឃុំក្រាំ​ង​ល្វា និង ឃុំពាម​ ដែល​មាន​ប្រជា​ពលរដ្ឋទទួល​
    ផល​​ពីគម្រោង​ចំនួន៨៩៣​គ្រួសារ។

    ប្រជាពលរដ្ឋដែលទទួលផលពីគម្រោងនេះ បានអោយដឹងថា កន្លងមកតំបន់នេះជាតំបន់ដាច់ស្រយ៉ាល គ្មានអ្នកទៅដល់នោះទេ ដោយសារផ្លូវលំបាក ហើយការ​មក​រស់​នៅតំបន់នេះដំបូង​ពិតជា​លំបាកខ្លាំង គ្មានដីជាកម្មសិទ្ធខ្លួនឯង​ផ្ទាល់នោះទេ។ ប៉ុន្តែនៅពេលនេះ គាត់ពិត​ជាសប្បាយ​រីករាយ​ខ្លាំង នៅពេល​ដែល​គម្រោង​ឡាសិត​២​បាន​អភិវឌ្ឍន៍នៅតំបន់នេះ​ ដែលធ្វើអោយ​ជីវភាព​របស់ពួកគាត់​បានល្អប្រសើរ​ជាងមុន​នឹកស្មានមិនដល់​ ។ ក្រៅតែពីធ្វើអោយជី​វភាពបានល្អប្រសើ​នោះ ​នៅ​តំបន់​​នេះ​មាន​ការអភិវឌ្ឍន៍​លឿន​ស្ទើគ្រប់វិស័យ​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្ន​ល់ខ្វាត់​ខ្វែង សាលារៀន មណ្ឌលសុខ​ភាព​ និង មាន​បណ្តាញអគ្គិសនី ផ​ង​ដែរ ។​

    ប្រជាពលរដ្ឋ បានថ្លែងនូវ​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត ចំពោះប្រមុខ​រាជរដ្ឋា​ភិបាល​ ដែល​បា​ន​សម្រេច​អនុវត្តគម្រោង​បែងចែក​ដីសង្គមកិច្ច​ និង​​ការ​អភិ​វឌ្ឍន៍​សេដ្ឋ កិច្ច​ដំណាក់កាល​ទី២​ ដែល​បានកែប្រែជីវភាពរបស់​ពួកគាត់​បានកាន់តែ​ប្រសើរ​ឡើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង