ប្រព័ន្ធ​ធារា​សាស្ត្រ​លំហា​ច ក្នុង​ស្រុក​បរិបូ​ណ៍​ សម្រេច​​ការងារ​​​សាងសង់​​បាន​ប្រមាណ​​ជាង​​៨០​ភាគរយ​

  • ប្រព័ន្ធធារា​សាស្ត្រ​លំហាច ក្នុងស្រុក​បរិបូណ៍ ខេត្តកំពង់ឆ្នាំង គិត​មកទល់​ពេលបច្ចុប្បន្ននេះ សម្រេច​លទ្ធផល​ការងារ​សាង​សង់​​បាន​ប្រមាណជាង៨០ភាគរយហើយ។ នេះបើតាមការអោយដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០នេះ​។


    ក្រសួងធនធាន​ទឹក និងឧតុនិយម បាន​អោយ​ដឹង​ទៀត​ថា ទំហំការងាររបស់អនុគម្រោង​ប្រព័ន្ធធារាសាស្រ្ត លំហាច​ រួមមាន ៖ ការសាងសង់​សំណង់​ក្បាល​ហុងទឹក (Headworks) ចំនួន ០១កន្លែង ការសាង​សង់ថ្មី​សំណង់​នាំទឹ​ក​ (Intake) ចំនួន ​០១​កន្លែង​ ការសាងសង់ប្រឡាយមេបេតុងចំនួន ០១ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ ការ​សាង់​សង​ប្រឡាយថ្នាក់ទី២ បេ​តុង​ ចំនួន ១៣ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ការជួសជុល ប្រឡាយដោះទឹក ចំនួន ១៥ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ ការជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ ការសាង​សង់​សំណង់​សិល្បការ​សរុបចំនួន ៥៥៧កន្លែង និងសាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង។
    គួរបញ្ជាក់ថា នៅថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និង​ឧតុនិ​យ​ម​ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិច បឹងទន្លេសាប ក៏​បាន​ដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យដែលមានសមាសភាពចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាង​ក្រុម​ហ៊ុន​សាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះ​ត្រួត​ពិនិត្យ​ការដ្ឋានសាងសង់​ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុង​ស្រុកបរិបូណ៍ ខេត្តកំពង់​ឆ្នាំង នេះ​ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង