ជនសង្ស័យជាជនជាតិចិននិងជាជនជាតិមីយ៉ាន់ម៉ា ពីរនាក់ប្តីប្រពន្ធ ជាមួយនឹង គ្រឿងញៀន ជិត៦០គីឡូក្រាម និងវត្ថុសម្រាប់កែច្នៃ គ្រឿនញៀនមួយចំនួនទៀត ត្រូវបានឃាត់ខ្លួន និងរឹបអូសនៅក្នុងប្រតិបត្តិការបង្ក្រាបករណីកែច្នៃជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ មេសា ម្សិលមិញ។
នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានអោយដឹងថា ប្រតិបត្តិការបង្រ្កាបករណីកែច្នៃ និងជួញដូរសារធាតុញៀននេះ សមត្ថកិច្ចបានរឹបអូសគ្រឿនញៀនជិត៦០គីឡូក្រាម ស្មើនឹងជាង៥ម៉ឺនគ្រាប់និងម្សៅចំនួនទៀត រួមនិងវត្ថុតាងម៉ាស៊ីនកែឆ្នៃ២គ្រឿង។ ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនោះរួមមាន ទី១ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន និងទី២ជាប្រពន្ធមានឈ្មោះ THET THET HLAING ជនជាតិមីយ៉ាន់ម៉ា ។

មន្ត្រីនគរបាលដដែលបន្ថែមថា ជនសង្ស័យទាំងពីរនាក់បានលួចផលិតកែច្នៃ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ជាយូរមកហើយ បន្ទាប់ពីធ្វើការស៊ើបអង្កេត ពីក្រុមជំនាញ ច្បាស់លាស់ទើបឈានទៅ ឃាត់ខ្លួននៅកន្លែងកែច្នៃតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕













