កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២០ តារាសម្ដែងលោក ឃីម រតនៈ បានបរិច្ចាគជែលលាងដៃសម្លាប់មេរោគរហូតទៅដល់១ពាន់ដប ជូនដល់គ្រួសារតារាកម្ពុជា ដើម្បីអោយគ្រួសារតារាកម្ពុជា ដឹកនាំសិល្បករយកទៅចែកជូនក្រុមអ្នកធ្វើដំណើរ នៅតាមមាត់ទន្លេ និង ជុំវិញបរិវេណវត្តឧណ្ណាឡោម។ យ៉ាងណាមិញ នៅក្នុងថ្ងៃនោះ គ្រួសារតារាកម្ពុជា មិនបានដឹកនាំសមាជិកចុះចែកច្រើនរូបនោះទេ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំ និង បញ្ចៀសការឆ្លងជម្ងឺកូវីត១៩។
លោក ឃីម រតនៈ និយាយថា ដោយសារតែលោកមើលឃើញពីកង្វះខាតរបស់បងប្អូនអ្នកធាក់ស៊ីក្លូ និង បងប្អូនអ្នកប្រកបរបរតាមដងផ្លូវនៅតែមានតម្រូវការជែលលាងដៃ ទើបលោកក្រោមការជ្រោមជ្រែងពីសប្បុរសជន សម្រេចប្រគល់ជែលលាងដៃចំនួន១ពាន់ដប ជូនដល់ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីអោយគ្រួសារតារាកម្ពុជា បានដឹកនាំសមាជិកយកទៅចែកដល់ផ្ទាល់នៅទីតាំងជាក់ស្ដែង។
លោកថាជែលទាំងនេះ បើគិតពីចំណាយអស់ច្រើនគួរសម ប៉ុន្តែលោករីករាយក្នុងការបរិច្ចាគ ដោយយល់ថាជែលលាងដៃទាំងនោះ មានតម្លៃសម្រាប់អ្នកខ្វះខាត ជាពិសេសអ្នកប្រកបជំនួញតាមចិញ្ចើមថ្នល់ និង ក្រុមអ្នកធាក់ស៊ីក្លូ ឬ ក្រុមអ្នករត់រឺម៉កកង់៣ជាដើម។ នៅមិនមែនជាការបរិច្ចាគរបស់លោកជាលើកដំបូងនោះទេ ដោយសារតែពេលកន្លងមកលោកក៏បានបរិច្ចាគជាហូរហែរ ទាំងជាមួយគ្រួសារតារាកម្ពុជា និង ជាមួយក្រុមទុរគតជនផ្សេងទៀតផងដែរ។ លោកនឹងមានគម្រោងបរិច្ចាគជែលជាច្រើនដបទៀត ទៅក្នុងសកម្មភាពសង្គមផ្សេងទៀតផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់នៅក្នុងសង្គម។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា សម្ដែងអារម្មណ៍ថ្លែងអំណរគុណ ចំពោះលោក ឃីម រតនៈ ដែលក្រៅពីសកម្មក្នុងសកម្មភាពគ្រួសារតារាកម្ពុជា ក៏មានទឹកចិត្តបរិច្ចាគជែលលាងដៃរហូតដល់១ពាន់ដប ដើម្បីអោយគ្រួសារតារាកម្ពុជា បានធ្វើសកម្មភាពដឹកនាំសិល្បករមួយចំនួនអោយចុះចែកដោយផ្ទាល់ នៅក្នុងកាលៈទេសៈដែលជែលលាងដៃកំពុងមានតម្រូវការនោះ។ លោកក៏ថ្លែងអំណរគុណផងដែរដល់ក្រុមសិល្បករដែលបានចូលរួមនៅក្នុងថ្ងៃនោះ។
តារាៗដែលបានចូលរួមរួមមាន លោក ឃីម រតនៈ តារាសម្ដែង ម្ចាស់អំណោយ លោក រុន ណាកូ ពិធីករ និង ជាតារាចម្រៀងក្លាស៊ិក កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង លោក ឯក រ៉ាវ័ន្ត តារាសម្ដែង-តារាម៉ូដែល អ្នកនាង យិន ស្រីពៅ តារាចម្រៀង និង លោក មាស សំណាង តារាកំប្លែង និង ចម្រៀងជាដើម៕