កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីមួយចំនួនទៀត នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារវិរកងទ័ព ដែលបានពលីនៅសមរភូមិមុខ និងពិនិត្យមើលផ្ទះ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សាងសង់ជូនគ្រួសារវរកងទ័ព ពលីនៅសមភូមិមុខ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

ផ្ទះទី១ របស់លោកស្រី តុង ដាវី ជាភរិយាសពវីរកងទ័ពលោក សួន សំអឿន និងផ្ទះទី២ របស់លោកស្រី ប្រាក់ ហេង សុម៉ាលី ភរិយាសពវីរកងទ័ពលោក អ៊ួន ហាច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល ខេត្តកំពង់ឆ្នាំង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពទាំង ២គ្រួសារ និងគ្រួសារអតីតយុទ្ធជនជិតខាងចំនួន ៣គ្រួសារ ព្រមទាំងពិនិត្យមើលផលដំណាំដែលបងប្អូនបានខិតខំដាំដុះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ ៕អត្ថបទ ហឹង ចូច











