ទ្រី តារាវុធ ពេញចិត្តស្ទើរគ្រប់ឈុតសម្តែង ជាមួយនឹងតួស្រីក្នុងរឿង ”កុំងាកក្រោយ’’

បន្ទាប់ពីបានចូលរួមសម្តែងក្នុងរឿង”កុំងាកក្រោយ” ជាមួយនឹងតួស្រី កញ្ញា ឆាយ នីតា រួចមក លោក ទ្រី តារាវុធ បាន បញ្ជាក់ថា រូបលោកផ្ទាល់ពេញចិត្តស្ទើរគ្រប់ឈុតឆាកសម្តែងជាមួយនឹងតួស្រី ដោយសារតែ តួស្រីហាក់បញ្ចូល អារម្មណ៍ បានល្អ និង កាន់តែជិតស្និទ្ធ បើទោះបីជាភាពយន្តដំបូងដែលនាងសម្តែងក៏ដោយ។ ការលើកឡើងរបស់លោក ទ្រី តារាវុធ ដូចនេះធ្វើឡើងក្នុងកម្មវិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការ របស់ ភាពយន្តខ្នាតធំ រឿង កុំងាកក្រោយ កាលពីរាត្រី ថ្ងៃទី២៤ ធ្នូ នេះនៅរោងភាពយន្ត លេជេនអេដេន ក្រោមវត្តមានសិល្បករ ផលិតករ ជាច្រើនរូប ។

លោក ទ្រី តារាវុធ បានបន្តថា ក្នុងភាពយន្តនេះទាំងតារាសម្តែង និងក្រុមការងារផលិតជួបការលំបាកច្រើនពិសេស ការថត ដល់យប់ជ្រៅ និងទីតាំងឆ្ងាយៗ ប៉ុន្តែលោក សប្បាយចិត្តដែលស្នាដៃមួយនេះលេចជារូបរាងហើយទទួលបានការពេញចិត្ត ច្រើន នៅថ្ងៃចាក់បញ្ចាំងលើកដំបូង ។ លោករំពឹងថា នឹងទទួលបានឱកាសថត ភាពយន្តថ្មី ជាមួយតារាសម្តែង ស្រីរូបនេះ បន្តទៀតនៅពេលពេលដ៏ខ្លីខាងមុខនេះ ។

ជាមួយគ្នានេះ កញ្ញា ឆាយ នីតា ដែលជាកញ្ញាឯក Miss Cambodia 2016 ចំណាត់ថ្នាក់លេខ៣ ក៏បានលើកឡើងដែរថា នេះ ជា ភាពយន្តដំបូងដែល នាងបានចូលរួមសម្តែង ហើយត្រូវប៉ះដៃគូសម្តែង លោក ទ្រី តារាវុធ ដែលមានឈុតឆាក ជាច្រើន ស្ទើរពេញសាច់រឿង ។ ទោះជំនួបដំបូងក្នុងការសម្តែងមែន ប៉ុន្តែកន្លងមកកញ្ញានឹង តារាប្រុសរូបនេះធ្លាប់ជួបគ្នាជាច្រើនលើក ច្រើនសារក្នុង កម្មវិធីបង្ហាញម៉ូតនានាកន្លងមក ។ កញ្ញា ថាប្រឡូកក្នុងការសម្តែងភ្លាមនាងទទួលបាន ឱកាសកាន់តំណែងធំ ជាមួយភាពយន្តដែលផលិតដោយការផ្ចិតផ្ចង់ និងគុណភាពខ្ពស់មួយ ។

សូមជម្រាបថា រឿង”កុំងាកក្រោយ’’ ជាការបោះទុនផលិតដោយផលិតកម្ម Galaxy Navatra និងដឹកនាំសម្តែងដោយលោក ចាន់ណា រ៉ូណាន ។ ភាពយន្តនេះចូលរួម សម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជា លោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារាសម្តែងជាច្រើន រូបទៀត ។ ភាពយន្តនេះ នឹង ចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅគ្រប់រោង ភាពយន្ត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្ត នានាជាច្រើន ទៀតនៅកម្ពុជា ៕ អត្ថបទ៖ សុគន្ធារី

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង