កម្ពុជានិងកាតា ឯកភាពគ្នាបន្តលើកកម្ពស់ទំនាក់ទំនងការទូត និងជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម​

  • កម្ពុជានិងកាតា បានឯកភាពគ្នាបន្តលើកកម្ពស់ទំនាក់ទំនងការទូត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ: ជាដើម។ ការឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតាប្រចាំកម្ពុជា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

    ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតប្រទេសកាតាប្រចាំកម្ពុជា បានប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត នៅក្នុងអាណត្តិការទូតនៅកម្ពុជារបស់ឯកឧត្តម។ ជាពិសេស សម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតា ឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។

    ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយរាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
    សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង