ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង សង់ពីឈើប្រកក្បឿង នៅក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អគ្គិភ័យនេះចាប់ផ្តើមឆាបឆេះ នៅវេលាម៉ោងជិត៥ល្ងាច ដោយរាលដាលជាបន្តបន្ទាប់ បំផ្លាញផ្ទះចំនួន៤ខ្នងដែលសង់កៀកៗគ្នា ហើយរហូតដល់ម៉ោង៦ល្ងាចទៀតរលត់អស់ទាំងស្រុង ។
សមត្ថកិច្ច បានអោយដឹងទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ហើយចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ មានការបញ្ជាក់នៅឡើយទេ៕