កំពង់ឆ្នាំង ៖ ក្រុមបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅក្នុងសប្តាហ៍នេះ បានធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកដល់សត្វគោ ក្របីជូនប្រជាកសិករតាមបណ្តាភូមិ ឃុំ នានានៅទូទាំងខេត្ត ដើម្បីការពារ កុំឲ្យសត្វឈឺ និងស្លាប់ ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ ក្រុមមន្ត្រីពេទ្យសត្វខេត្ត ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រេចចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម និងសារទឹក ដល់សត្វគោ និងក្របី បានជិត២ម៉ឺនក្បាល ។

លោកបញ្ជាក់ថា វ៉ាក់ទាំងនេះផ្តល់ដោយនាយដ្ឋានផលិតកម្ម និងបសុព្យាបាល និងចាក់ដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់ សត្វគោ ក្របី របស់ប្រជាពលរដ្ឋ ។

លោក ក្រឹង សំអាត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ។ ហើយការចិញ្ចឹមត្រូវធ្វើក្រោល ធ្វើទ្រុងដាក់ឲ្យបានត្រឹមត្រូវ កុំលែងចោលពាសវាល ពាសកាល និងមើលថែទាំឲ្យបានល្អ បើមានសត្វឈឺត្រូវរាយការណ៍ទៅមន្ត្រីអាជ្ញាធរ និងភ្នាក់ងារសត្វភូមិ ដើម្បីជួយអត្តរាគមន៍ និងព្យាបាលបានទាន់ពេលវេលា ៕










