ឯក​ឧត្តម​ ជា​ វ៉ាន់​ដេត​ ៖ សន្តិភាព​គឺជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទឹកផុស បានថ្លែងថា សន្តិភាពគឺជាគ្រឹះ នៃការអភិវឌ្ឍន៍ ។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង ១០បន្ទប់រួមនិងសមិទ្ធផលនានា នៅអនុវិទ្យាល័យក្រាំងស្គារ ស្ថិតក្នុងភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។

    ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ បន្ថែមទៀតថា វិស័យអប់រំនៅកម្ពុជា ជួបការលំបាកគ្រប់បែបយ៉ាងក្នុងសម័យសង្គ្រាម ពិសេសក្នុងរបបប្រល័យ​ពូជសាសន៍ សាលារៀនត្រូវបានបំបាត់ទាំងស្រុង ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ យើងបានកៀរគរ លោកគ្រូអ្នកគ្រូដែលនៅរស់រានមានជីវិត រួមគ្នាជាមួយអាជ្ញាធររៀបចំសាលារៀន និងបង្រៀន ក្រោមពាក្យស្លោក « អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ » ។

     

    ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ និងចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី យើងមានសាលារៀនគ្រប់ទីកន្លែងក្នុងប្រទេស បង្ករលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ បានចូលសិក្សារៀនសូត្រ ។

     

    សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានមានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ្ឋ-១៩ ។ បង្ករបរិយាកាសអំណោយផល ដល់ការទាក់ទាញវិនិយោគគិន បង្កើតការងារជូនបងប្អូនកម្មករ កម្មការនី និងទទួលបានអត្ថប្រយោជន៍ ពីការងារក្នុងពេលបច្ចុប្បន្ន និងអនាគត ។

    នៅក្នុងឳកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះជូនគណបក្សប្រជាជន ឲ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ។

    លោក យិន សាវ៉េន អភិបាលរង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគារសិក្សាថ្មីដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះមាន២ខ្នង ១០បន្ទប់ ដែល១ខ្នងសាងសង់ឡើង ដោយថវិការបស់សប្បុរសជន និង១ខ្នងទៀត ជាថវិការបស់រាជរដ្ឋាភិបាល តាមរយះក្រសួងអប់រំ យុវជន និងកីឡា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង