សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»

  • នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំង ពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ ដែលថតបានប្រមាណជា៦០% សល់៤០%ទៀតនឹងត្រូវថត បន្តនាពេលបន្ទាប់។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។

    សម្ដេចតេជោ បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អក្នុងរឿងនេះ។សម្ដេចតេជោបានអរគុណ និងវាយតម្លៃ ខ្ពស់ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមសម្របសម្រួលនៅក្នុងការផលិតរឿងនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឲ្យមាន ទីតាំងថតផងដែរ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជន ដែលបានចូលថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។

    ជាមួយគ្នានេះ សម្តេចតេជោបន្តថា តួអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ហើយរឿងនេះ នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយ យល់ដឹង។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងផ្តល់ប្រយោជន៍ ដល់អ្នកស្រាវ ជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយទៅដំណាក់កាលមួយទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង