កំពង់ឆ្នាំង៖ បុណ្យរដូវរំហើយ២០២២ នឹងប្រារព្ធនៅថ្ងៃ១៧-១៨ ខែធ្នូ ចុងសប្តាហ៍នេះ នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ តាមកម្មវិធីដែលបានគ្រោងទុក បុណ្យរដូវរំហើយឆ្នានេះនឹង កម្មវិធីជាច្រើនរួមមាន ការដង្ហែរក្បួនភោគផលដ៏ធំ ការដាល់អំបុក ការបង្ហើរខ្លែង ទស្សនាការ សម្តែងសិល្បៈប្រពៃណីខ្មែរ ការប្រគំតន្ត្រីសម័យ ការបង្ហោះគោមចំនួន២០២៣ ការបាញ់កាំជ្រួញ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ។

លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានឲ្យដឹងថា មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានគិតគូរនិងយកចិត្តទុកដាក់ លើការលើកស្ទួយ ថែរក្សានិងអភិរក្សប្រពៃណី ទំនៀមទម្លាប់ វប្បធម៌និងសិល្បៈពីដូនតា ។ លើសពីនេះមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានរៀបចំកម្មវិធីប្រចាំឆ្នាំ ផ្សេងទៀតដូចជាសង្ក្រាន្តភ្នំទូកមាស កាលពីខែមេសា កន្លងទៅ ដែលមានភាពអធិកអធម រយៈពេល៣ថ្ងៃ នៅឯស្រុកកំពង់លែង ហើយមានមនុស្សចូលរួមយ៉ាងច្រើន ។
លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បញ្ជាក់បន្តថា មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ បុណ្យរដូវរំហើយនេះ ឲ្យបានរៀងរាល់ឆ្នាំនិងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងៗទៀត ។
គួរបញ្ជាក់ថា បុណ្យរដូវរំហើយ២០២២ រៀបចំ និងឧបត្ថម្ភដោយ មូលនិធិ អុឹង ហ្វោនដេហ្សិន ចូលរួមសហការពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង៕