កំពង់ឆ្នាំង៖ បទល្មើសនេសាទ របាំងសាច់អួន ចំនួន៧កន្លែង ដែលជនខិលខូចលបលួចធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងចម្រុះ ធ្វើការបង្ក្រាបនៅក្នុងសប្តាហ៍នេះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទ នៅក្នុងរដូវនេះ ភាគច្រើនមានរបាំងសាច់អួន របាំងស្បៃមុង។ ប៉ុន្តែក្រោយពីកម្លាំងជំនាញ រដ្ឋបាលជលផលសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបជាបន្តបន្ទាប់មកនោះ បទល្មើសមាន
ការថយចុះច្រើន ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ កម្លាំងចម្រុះ បានសម្រេចរុះរើ និង បំផ្លាញចោលនៅនឹងកន្លែង នូវរបាំងសាច់អួន៧កន្លែង ប្រវែង
៤៥០ម៉ែត្រ លូ៧មាត់ បង្គោល៥០០ដើម និង ចាក់លែងត្រី ទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន២០គីឡូក្រាម ។

លោក ងិន ហ៊ុន បានអំពាវនាវឲ្យប្រជានេសាទទាំងអស់ បញ្ឈប់ការប្រើឧបករណ៍ល្មើសច្បាប់ ចាប់ត្រីជាបន្តទៀត ពិសេសឧបករណ៍ឆក់ និង ស្បៃមុងដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ៕











