កំពង់ឆ្នាំង ៖ ប្រជាកសិកររស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានធ្វើការដាំដុះស្រូវប្រាំង ជាបណ្តើរៗហើយ បន្ទាប់ពីទឹកទន្លេចាប់ផ្តើមស្រកចុះ ។ រីឯប្រជាកសិករមួយចំនួនទៀត បានចាប់ផ្តើមប្រមូលផលស្រូវរដូវរស្សាផងដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រជាកសិករ រស់នៅតាមដងទន្លេដែលមានផ្ទៃដីសម្រាប់បង្ករបង្កើនផល ស្រូវរដូវប្រាំង បានចាប់ផ្តើមធ្វើការភ្ជួររាស់សាបព្រោះជាបណ្តើរៗហើយ ។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រេចដាំដុះបានលើផ្ទៃដីចំនួន២ ១៤២ហិកតាស្មើនឹង៥,៧៩ភាគរយ លើផែនការចំនួន៣៧ ០០០ហិកតា ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្រៅពីការងារ បង្ករបង្កើនផលស្រូវរដូវប្រាំង ប្រជាកសិករមួយចំនួនទៀត ក៏កំពុងមមាញឹក ក្នុងការងារប្រមូលផលស្រូវវស្សាផងដែរ ។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ ប្រជាកសិករនៅទូទាំងខេត្ត សម្រេចប្រមូលផលបានលើផ្ទៃដីចំនួន៤០ ៩១០ហិកតា ស្មើនឹង ២៩,៥៥ ភាគរយ លើផ្ទៃដីអនុវត្តបានចំនួន១៣៨ ៤២៤ហិកតា ។

ក្នុងនោះស្រូវស្រាលបានចំនួន២០ ៣៤២ហិកតាដោយទទួលបានទិន្នផលជាមធ្យម៤ ៣០៤ គីឡូក្រាម ក្នុងមួយហិមតា ។ ស្រូវកណ្តាលប្រមូលផលបានចំនួន២០ ៥៦៨ហិកតា ដោយទទួលបានទិន្នផលជាមធ្យម៣ ២៥៦គីឡូក្រាម ក្នុងមួយហិកតា ។លោកងិន ហ៊ុន បានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ ស្រូវស្ងួតចម្រុះជាមធ្យមតម្លៃ១ ២០០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាឆ្នាំ២០២០ ចំនួន១០០រៀល ក្នុងមួយគីឡូក្រាម ។ ស្រូវក្រអូបស្ងួត តម្លៃជាមធ្យម១ ៤៥០រៀលក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន១៦០រៀល ក្នុងមួយគីឡូក្រាម ៕











