កំពង់ឆ្នាំង ៖ កុមារីម្នាក់បានស្លាប់ រីឯផ្ទះចំនួន៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង ១៥ខ្នងផ្សេងទៀត ប៉ើងរបើកដំបូល ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងនកាលពីវេលាប្រមាណជាង៥ល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឱ្យដឹងថា កុមារីរងគ្រោះដោយគ្រោះធម្មជាតិនេះមានឈ្មោះ ហុន ណាវី អាយុ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្រ្តាក់បានបោកបក់ប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឲ្យរផ្ទះប្រមាណជាង២០ខ្នង បានរងការខូចខាត ក្នុងនោះ៦ខ្នងត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់បោកពន្លិចចូលទៅក្នុងទឹក ។

គួរបញ្ជាក់ថា ភូមិពាមខ្នង ឃុំផ្លូវទូក គឺជាភូមិមួយស្ថិតនៅតំបន់ដាច់ស្រយាលជាប់នឹងបឹងទន្លេសាបដែលប្រជាពលរដ្ឋភាគច្រើនរស់នៅលើផ្ទះបណ្តែតទឹក ៕


