សម្ដេច​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រ​ជា​ពល​រដ្ឋ ​ចំ​នួន​​​១៥០​គ្រួ​សារ​ នៅ​ក្នុង​ស្រុក​បរិបូណ៌​

  • កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរាំរ៉ៃ ចំនួន ១៥០គ្រូសារ រស់នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

    សម្តេចចៅហ្វាវំាង គង់ សំអុល បានពាំនាំ នូវព្រះរាជបណ្តាំផ្ញើរសាកសួរសុខទុក្ខ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និង ក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងនិងសូមឲ្យប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ត្រូវបរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អ ។

    សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញជាធម្មតា ដូចនេះបងប្អូនប្រជាពលរដ្ឋ អាចប្រកបអាជីវកម្ម និង ចរាចរណ៍បានជាធម្មត្តាឡើងវិញ ប៉ុន្តែនៅតែចូលរួមអនុវត្ត នូវវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តទៀត។

    អំណោយដែលផ្តល់ជូននាពេលនេះ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង មុង១ សារុង១ ក្រមា១ ម៉ាស១ប្រអប់ និង ថវិកា២ម៉ឺនរៀល ។ សម្តេច ចៅហ្វាវាំង គង់សំអុល បានចែកជូនបន្ថែមក្នុង១គ្រួសារថវិកា៥ម៉ឺនរៀល ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផ្តល់ជូន១គ្រួសារ៣ម៉ឺនរៀលបន្ថែមទៀតផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង