ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរនាវីឯក Bernard York ដែលត្រូវណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាអូស្រ្តាលីថ្មី។
នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក និងដែលត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត ។ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា HMAS Anzac នៃកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក “Indo-Pacific Endeavour” របស់អូស្រ្តាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងសាទរ និងគាំទ្រចំពោះការខំប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីត្រូវបានរំខានមួយរយៈកន្លងមក ដោយវិបត្តិនៃជំងឺកូវីដ-១៩ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការស្វះស្វែងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធានៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទ្បើងថែមទៀត ជាពិសេសកម្រិតកងទ័ពជើងគោក៕










