មន្ទីរ​អប់​រំ​យុវ​ជន​ និង​ កី​ឡា​ខេត្ត​កំ​ពង់​ឆ្នាំង​គ្រោង​បើក​សា​លា​រៀន​ឱ្យ​បាន​៧៥​ភាគ​រយ​នៃ​គ្រឹះ​ស្ថាន​សិក្សា​រ​បស់​រដ្ឋ ​បន្ទាប់​ពី​ដំ​​ណើរ​​ការ​សាក​ល្បង​មិន​មាន​ឧប​សគ្គ​

  • កំពង់ឆ្នាំង ៖ គ្រឹះស្ថានសិក្សារបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង ប្រមាណជាង៧៥ភាគរយ គ្រោងនឹងដាក់ឱ្យដំណើរការជាបន្តទៀត ក្រោយពីការបើកសាលារៀនសាកល្បងនៅលើកដំបូង បានដំណើរការដោយរលូនមិនមានឧបសគ្គ ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ។

    លោក ស៊ឹម ប្រឹម បានឱ្យដឹងថា នៅពេលនេះ មន្ទីរបានស្នើសុំទៅថ្នាក់ខេត្ត និង ក្រសួងអប់រំយុវជននិងកីឡា ដើម្បីសុំការអនុញ្ញាត្តបើកសាលារៀនបន្តទៀត ឱ្យបាន៧៥ភាគរយកនៃសាលារៀននៅទូទាំងខេត្ត តាមភូមិសាស្រ្តដែលមានហានិភ័យទាប ។ ការស្នើសុំបើកសាលារៀនជាបន្តទៀតនេះ គឺបន្ទាប់ពីស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានថមថយជាងពេលមុន ។

    លោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង បានបើកសាលារៀន ជាលើកដំបូង ក្នុងដំណើរការសាកល្បង ចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដែលបានបើកលើកកម្រិតថ្នាក់ទី៩ និង ទី១២ បានប្រមាណជា១០ភាគរយហើយ ។ក្នុងដំណើរការសាកល្បងនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានជាឧបសគ្គនោះឡើយ ។ នៅក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងនឹងបើកសាលារៀន ឱ្យបានរហូតដល់៧៥ភាគរយ ។ ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ ដែលអាចនឹងដាក់ឱ្យដំណើរការចុងខែតុលា ឬ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

    លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា បើទោះបីការបើកដំណើរការសាលារៀន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ នៅតាមសាលានីមួយៗ នៅតែប្រកាន់ខ្ជាប់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ អំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និង ត្រៀមលក្ខណៈដំណើរការការបង្រៀននិងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ-១៩ និង ទៅអនាគត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង