កំពង់ឆ្នាំង ៖ អត្រាឆ្លងកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះមានអ្នកជំងឺកូវិដ១៩ ចំនួន២នាក់បានស្លាប់និងមនុស្សចំនួន១៥នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៥
នាក់នេះ ជាអាជីវករ កសិករ និង គ្រូបង្រៀន ។
ដោយឡែកអ្នកជំងឺ២នាក់ ដែលបានមរណ:ភាពដោយសារជំងឺកូវិដ១៩ ១.ឈ្មោះនី ស្រេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រស្និប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះ ហួត តឹក ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ រសនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៩២៤នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៥៩០នាក់ ស្លាប់ចំនួន៩២នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៤២នាក់ ៕











