កំពង់ឆ្នាំង៖ ទូកងឈ្មោះ « ទេពធីតាសែនជ័យ បារមីជំទាវទេព » ជាទូកចែវបុរស របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងតុបតែង គូរក្បាច់ លាបពណ៌បង្កើនសោភណ្ឌភាព ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីបុណ្យអុំទូកក្នុងខេត្ត នា ពេលខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់លោក អិន សាវ៉ាន ប្រធានគណៈកម្មការគ្រប់គ្រងទូកឈ្មោះ « ទេពធីតាសែនជ័យ បារមីជំទាវទេព » ។
លោក អិន សាវ៉ាន បន្តទៀតថា ក្រោយពីធ្វើការកែលំអរនិងតុបតែងរួចរាល់នៅពេលខាងមុខនេះ គណៈកម្មការគ្រប់គ្រងទូកនឹងរៀបចំធ្វើពិធីក្រុងពាលី រំកិលចូលទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ ។ ទូកឈ្មោះ ទេពធីតា សែនជ័យ បារមីជំទាវទេព ធ្លាប់បានទៅចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅមុខព្រះបរម្យរាជវាំងចំនួន៤លើករួចមកហើយ និងទទួលបានជ័យជំនៈ ជាបន្តបន្ទាប់ផងដែរ ។
គួរបញ្ជាក់ថា អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រកាសគ្រោងរៀបចំពិធីប្រណាំងទូក នៅចុងខែតុលាខាងមុខនេះ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ។ ក្នុងនោះ ក៏មានរៀបចំតែងលម្អ ភ្លើងពណ៌ ភ្លើងបំភ្លឺ តាមដងផ្លូវ ការប្រគុំតន្រ្តី និង តំបន់ត្រជាក់ ជាដើម ៕











