ជំ​ងឺ​ដុំ​​ពក​​លើ​ស្បែក​សត្វ​គោ​ ក្របី​ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ ឆ្លង​រាល​ដាល​កាន់​តែ​ច្រើន​

  • កំពង់ឆ្នាំង ៖ ជំងឺដុំពកលើស្បែកសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង នៅពេលនេះកំពុងឆ្លងរាលដាលកាន់តែច្រើន ទោះបីមានមន្ត្រីពេទ្យសត្វចុះជួយព្យាបាលយ៉ាងណា ក៏នៅមិនទាន់មានការថមថយនោះដែរ ។

    លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី នៅមិនទាន់ថមថយនៅឡើយទេសត្វឆ្លងជំងឺនេះកាន់តែច្រើន ។ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តមានសត្វឈឺកើនដល់ចំនួន២ ២៣៧ក្បាល ស្លាប់កើនដល់ចំនួន១៦ក្បាល ខណះព្យាបាលឲ្យជាសះស្បើយចំនួន៦១៦ក្បាល និង កំពុងព្យាបាលចំនួន១ ៦០៥ក្បាល ។

    លោកក្រឹង សំអាត បានឲ្យដឹងថា នៅពេលនេះ ការិយាល័យបានរៀបចំកម្លាំងចំនួន៣ក្រុម ចុះជួយពេទ្យសត្វនៅតាមមូលដ្ឋាន ក្នុងការព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋ ដែលកំពុងកើតជំងឺដុំពកនៅលើស្បែកនេះ។

    លោកក្រឹង សំអាត បានប្រាប់ពីវិធីមួយចំនួន ដែលប្រជាពលរដ្ឋ អាចធ្វើបាន ដូចជាត្រូវបំបែកសត្វឈឺ ចេញពីសត្វជា លាងសំអាតខ្លួនសត្វ ជាមួយសាប៊ូលាងចាន ហើយលាបថ្នាំសម្លាប់មេរោគ មានបេតាឌីន ឬមេឌីឡែនប្លូ ប្រើថ្នាំបញ្ចុះកំដៅ ឬប្រឆាំងនឹងរលាក ថ្នាំប្រឆាំងនឹងហ៊ីស្តាមីន ឬអាឡែស៊ី ថ្នាំផ្សះ និង មិនត្រូវប្រើម្ជុលរួម ក្នុងការព្យាបាលឡើយ ។ ត្រូវការពារកុំឲ្យរុយពងដាក់ បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង ពពួកភ្នក់ផ្សែង ប្រើធូបមូស និង សម្អាតបរិវេនកន្លែងចិញ្ចឹម ជាប្រចាំ ។ហើយបើមានសត្វឈឺត្រូវរាយការណ៍ជាបន្ទាន់ជូនបសុពេទ្យ ដើម្បីចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង