កំពង់ឆ្នាំង ៖ ដើម្បីថែរក្សាមរតប្រពៃណី តាំងពីបុរាណកាលមក គឺការប្រមូលផលស្រូវ មូលនិធិអុឹង ហ្វោនដេហ្សុិន បានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង រៀបចំពិធី « បុណ្យរដូវរំហើយ » នៅភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស កាលពីថ្ងៃទី២ ធ្នូ ហើយគ្រោងនិងធ្វើបន្តវគ្គទី២ នាថ្ងៃទី១៧ ,១៨ ខែធ្នូ ឆ្នាំ២០២២ បន្តទៀតនៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ។

លោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្សុិន បានមានប្រសាសន៍ថា ការរៀបចំពិធីបុណ្យរដូវរំហើយនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ថែរក្សា និង អភិរក្ស នូវប្រពៃណីទំនៀមទម្លាប់ ពីបុរាណកាលជាយូរលង់ណាស់មកហើយ។ម៉្យាងវិញទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងពេលប្រមូលផលស្រូវ ផងដែរ ។

លោកឧកញ៉ា អុឹង ប៊ុនហូវ បានឲ្យដឹងថា មូលនិធិ អុឹង ហ្វោនដេហ្សុិន បានគិតគូរនិងយកចិត្តទុកដាក់ លើការលើកស្ទួយ ថែរក្សានិងអភិរក្សប្រពៃណី ទំនៀមទម្លាប់ វប្បធម៌និងសិល្បៈពីដូនតា ។ លើសពីនេះមូលនិធិ អុឹង ហ្វោនដេហ្សុិន បានរៀបចំកម្មវិធីប្រចាំឆ្នាំ ផ្សេងទៀតដូចជាសង្ក្រាន្តភ្នំទូកមាស កាលពីខែមេសា កន្លងទៅ ដែលមានភាពអធិកអធម រយៈពេល៣ថ្ងៃ នៅឯស្រុកកំពង់លែង ហើយមានមនុស្សចូលរួមយ៉ាងច្រើន ។

លោកឧកញ៉ា អុឹង ប៊ុនហូវ បញ្ជាក់ថា មូលនិធិ ហ្វោនដេហ្សុិន មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ បុណ្យរដូវរំហើយនេះ ឲ្យបានរៀងរាល់ឆ្នាំនិងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងៗទៀត ។

សូមបញ្ជាក់ថា ពិធីបុណ្យរដូវរំហើយ គឺជាព្រឹត្តិការណ៍មហាជនប្រចាំរដូវរំហើយ ក្នុងប្រទេសកម្ពុជា ស្របនឹងពេលវេលាដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បាននឹងកំពុងប្រមូលផលស្រូវ ដាល់អំបុក បង្ហោះខ្លែង និង សកម្មភាពអបអរសប្បាយ ទទួលអំណរក្នុងរដូវថ្មី នៅតាមភូមិស្រុកនានា ។

ព្រឹត្តិការណ៍ពិធីបុណ្យរដូវរំហើយ ដែលនូលនិធិអុឹង ហ្វោនដេហ្សុិន ប្រារព្វនាពេលនេះ មានរយះពេល៣ថ្ងៃ គឺនៅថ្ងៃទី២ ធ្នូ ប្រារព្វធ្វើនៅភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុសមានការប្រកួតច្រូតស្រូវ បោកបែន អុំ ស្ទៃ ដើម្បីសម្រិតសម្រាំងយកគ្រាប់ស្រូវ សម្រាប់យកទៅវគ្គទី២ គឺការប្រកួតដាល់អំបុក ដែលប្រារព្វធ្វើនៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង នៅថ្ងៃទី១៧ ,១៨ ខែធ្នូ ឆ្នាំ២០២២ ។

ចំពោះសមាសភាពដែលត្រូវចូលរួមប្រកួត ប្រជែងនេៈ មានចំនួន៨ក្រុម ក្នុង១ក្រុមមានចំនួន៨នាក់ ដែលពួកគាត់ជាប្រជាកសិករ មកពីតាមបណ្តាស្រុកនានាក្នុងខេត្តកំពង់ឆ្នាំង ។ ហើយនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រកួតបង្ហោះខ្លែងឯកផងដែរ ៕



