កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងថ្មី ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវទៅទទួលភារកិច្ចថ្មី។

ពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរគណបក្សខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីមន្តី្រជាន់ខ្ពស់គណបក្សជាច្រើនរូបទៀតផងដែរ ។

ឯកឧត្ដម ស៊ុន សុណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅ ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀត។ លើសពីនេះទៅទៀតនោះ ឯកឧត្តម បានបេ្តជ្ញាចូលរួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និង ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការតែងតាំង ការតម្លើងឋានៈ និង ការផ្ទេរភារកិច្ចមន្រ្តីគណបក្ស គឺជាការងារជាប្រក្រតី ដែលគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក តែងបានអនុវត្ត ដើម្បីឆ្លើយតបតាមសំណូមពរចាំបាច់របស់គណបក្ស និង ស្របតាមសភាពការណ៍ជាក់ស្ដែងនៃដំណាក់កាលនិមួយៗ ។

សម្តេចបានកោតសរសើរចំពោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតីក្នុងការដឹកនាំ កសាង និង ពង្រឹងពង្រីកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឲ្យបានរីកចម្រើន រឹងមាំ ដែលកន្លងមកបានដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជាផ្លែផ្កា ធ្វើអោយខេត្ត បានប្រែមុខមាត់ថ្មីជាលំដាប់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ដាំផ្ញើដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដឹកនាំកសាងខេត្ត ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និង កម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ ឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅគ្រប់អាណត្តិ ឲ្យទទួលបានលទ្ធផលជោគជ័យ ៕










