រថយន្តកូរ៉េដឹកសាំងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នៅចំណុចភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថារថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន (ពាក់ស្លាកលេខ ភ្នំពេញ 2A-0029 ),ប្រេងសាំងចំនួន ១០កានស្មើរនិង៣០០លីត្រ,ប្រេងម៉ាស៊ូត ៣៥កានស្មើរ និង១៣៥០លីត្រ។
ប្រភពដដែលបន្តថាជនរងគ្រោះឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត និងប្រពន្ធឈ្មោះ សួន រដ្ឋា អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងពេលប្រតិបត្តិការបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩០០០លីត្រ គ្រាប់បែកពន្លត់អគ្គិភ័យចំនួន២០គ្រាប់ ប្រើប្រាស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកត្បែងមានជ័យ ចំនួន១៥០នាក់ ជួយអន្តរាគមន៍ និងពន្លត់បានទាំងស្រុង ៕