កំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព របស់ស្ថានីយដាំឈើម្សៅក្រដាសហ៊ុន សែន មា នក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ការដាំ និង វិនិយោគលើការងារដាំដើមឈើនឹងបង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និង នាំចេញផលិតផលឈើ ពីចម្ការឈើ ដែលបានដាំជំនួសប្រភពផ្គត់ផ្គង់ឈើ ចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលព្រៃឈើ ត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និង សហការជាមួយគ្រប់ដៃគូតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយដាំឈើឲ្យកាន់តែផុលផុសនិងកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍន៍ ថែរក្សាការពារដីនិងបណ្តុះកូនឈើនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ប្រកបដោយចីរភាព និង ប្រសិទ្ធភាពផងដែរ៕


