កំពង់ឆ្នាំង ៖ ទេយ្យទាន មានអង្ករ ភេសជ្ជៈ និង បច្ច័យ ដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារ បាននាំយកទៅប្រគេនដល់ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១០នៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវត្តអារញ្ញិការ៉ាម ។

អញ្ជើញចូលរួមជាមួយលោកជំទាវរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានលោកជំទាវប៊ន សុភី អភិបាលរងខេត្ត លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង មន្ត្រីក្រុមការងារជាច្រើនរូបទៀត ។

លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ដោយសាស្ថានភាពនាពេលបច្ចុប្បន្ននេះ នៅគ្រប់មូលដ្ឋានទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង បានកំពុងចូលរួមយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការចូលរួមអនវុត្តនូវវិធានការក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដូចនេះនៅតាមបណ្តាវត្តនានាក៏ជម្រុញឲ្យមានការចូលរួមអនុវត្តវិធានការនេះផងដែរ ដូចនេះបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ មានអ្នកចូលរួមតិចតួច និង តម្រូវឲ្យអនុវត្តជាប្រចាំ គឺពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព លាងសំអាតដៃនិងសាប៊ូ ឬអាល់កុល ។

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ទេយ្យទានដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ មន្រ្តីរជាការ ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងជួយកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ឧបការីជនមាតាបិតា ញាតិកាទាំង៧សណ្តាន ដែលបានចែក ឋានទៅហើយនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំផ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ដែលនឹងមកដល់នាពេលខាងមុខនេះ ។
លោកជំទាវរដ្ឋលេខាធិការបានឲ្យដឹងទៀតថា នៅក្នុងបរិបទសព្វថ្ងៃនេះ ពុំមានសូវមានប្រជាពុទ្ធបរិស័ទ មកពីជិតឆ្ងាយដូចមុនទៀតឡើយ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបង្ករឲ្យប្រជាពលរដ្ឋស្លាប់និងឈឺជាបន្តបន្ទាប់ ហើយដើម្បីទប់ស្កាត់និងការរីករាលដាលនៃជំងឺនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុនសែន ដាក់វិធានការនានាយ៉ាងម៉ឺងម៉ាត់ ដូចជាការដាក់បំរាមគោចរតាមខេត្តរាជធានីមួយចំនួន បិទភូមិ ឃុំសង្កាត់ ដែលផ្ទុះការកើតឡើងនូវជំងឺកូវីដ១៩នេះ ។ ដូចនេះនៅតាមទីអារាម នានាអាចជួបការលំបាកខ្លះ ក្នុងការផ្គត់ផ្គង់ចង្ហាន់ ព្រះសង្ឃក្នុងអំឡុងនេះ ដើម្បីឲ្យបណ្តាវត្តនៅក្រុងកំពង់ឆ្នាំង មានចង្ហាន់ សម្រាប់ព្រះសង្ឃនោះ ក្រុមការងារទាំងបានមូលមតិគ្នា មានសទ្ធាជ្រះថ្លា បំពេញនូវបុណ្យកុសលនេះ ដើម្បីប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តទាំង១០ ក្នុងក្រុងផងដែរ ។
ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃនាពេលនេះ ក្នុង១វត្តមាន អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី និង ទឹកស៊ីអ៊ីវ២កេស មី២កេស និង បច្ច័យចំនួន៥០ម៉ឺនរៀល ៕