កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ លើបុរសចំនួន២នាក់ក្នុង២ករណី ដាច់ដោយឡែកពីគ្នា ដែលបច្ចុប្បន្នអ្នកទាំង២ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។
ករណីវិជ្ជមានកូវីដ១៩ ទាំង២ករណីនេះរួមមាន៖
ករណីទី១ គឺបុរសជនជាតិខ្មែរម្នាក់ឈ្មោះ សោម ឡូ អាយុ ៣៦ឆ្នាំ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្រោយទទួលបានលទ្ធផលតេស្ត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ។ បុរសខាងលើនេះបាន ជិះម៉ូតូម្នាក់ឯងពីភ្នំពេញមកផ្ទះនៅខេត្តកំពង់ឆ្នាំង និងបានមកមន្ទីរពេទ្យខេត្តធ្វើតេស្តកាលពីថ្ងៃទី២៩ ខែមីនា ។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។

ករណីទី២ គឺ បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ ស្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលត្រូវមិត្តភក្តិជាស្រ្តីវិជ្ជមានកូវីដ១៩ បាននាំ មកទៅលេងស្រះចិញ្ចឹមត្រី នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏ត្រូវបានប្រកាសថា វិជ្ជមានកូវីដ១៩ នៅក្រោយពេលតេស្តលើកទី២។ បុរសខាងលើ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំង២ ខាងលើ សូមអញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់។
ដោយឡែក សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួមអនុវត្តតាមការរបស់ក្រសួងសុខាភិបាលជាពិសេសវិធាន ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តចូលរួមទប់ស្កាត់នូវការឆ្លងរាលដាលនូវជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ៕










