កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានក្រើនរំលឹកដល់មន្ត្រីសាខាគយ និងរដ្ឋាករខេត្ត ឲ្យបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និង សមត្ថកិច្ច ក្នុងការចូលរួមទប់ស្កាត់ បង្ក្រាបប្រឆាំងអំពើរត់គេចពន្ធ និង ពង្រឹងប្រសិទ្ធភាពនៃការកៀរគរចំណូលពន្ធអាករ ស្របទៅតាមនីតិវិធី ដោយធានាអោយមានប្រសិទ្ធភាពខ្ពស់បំផុត ។
ការក្រើនរំលឹករបស់អភិបាលខេត្ត បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចប្រធាន និង អនុប្រធាន សាខាគយនិងរដ្ឋាករ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា បើទោះបីខេត្តកំពង់ឆ្នាំង ពុំមែនជាច្រកព្រំដែនចេញចូលក៏ពិតមែន ប៉ុន្តែមានទំនិញគ្រប់ប្រភេទជាច្រើនបានចរាចរណ៍តាមផ្លូវជាតិលេខ៥ ដោយបានឆ្លងកាត់ភូមិសាស្រ្តខេត្តកំពង់ឆ្នាំងផងដែរ ។ ដូចនេះ មន្រ្តីសាខាគយនិងរដ្ឋាករ និងសមត្ថកិច្ចជំនាញត្រូវតែតាមដាន អោយបានជាប់ជាប្រចាំ ធ្វើការបង្ក្រាប ទប់ស្កាត់ ប្រឆាំងអំពើររត់គេចពន្ធអោយមានប្រសិទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូលពន្ធជូនរដ្ឋ អោយឆ្លើយតបបានតាមផែនការ ដោយធានាអោយបាននូវតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។

យោងតាមលិខិតបង្គាប់ការផ្ទេរភារកិច្ចមន្ត្រីរាជការ គយនិងរដ្ឋាករកម្ពុជា ត្រូវបានតែងតាំង លោក ជួប ចំរើន ជាប្រធានសាខាគយ និង រដ្ឋាករខេត្តកំពង់ឆ្នាំង និង លោក អ៊ូ ហេង ជាអនុប្រធានសាខា ។ ដោយឡែកលោក ហាល ទូច ប្រធានសាខាចាស់ ត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាខាគយនិងរដ្ឋាករខេត្តរតនៈគិរី ៕











