ក្រោមការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក្រៅពីភារកិច្ចការពារជាតិមាតុភូមិបានជំរុញអោយមេបញ្ជាការគ្រប់អង្គភាពចំណុះកងពល អោយយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពដោយយោធិនម្នាក់ៗ ត្រូវចូលរួមសហការគ្នាជាកម្លាំង ជួយគ្នាក្នុងគ្រាក្រីក្រ ឬខ្វះខាត ក្នុងប្រការណាមួយជាដើម។
ជាក់ស្តែងនៅថ្ងៃទី០១មករា ឆ្នាំ២០២១ វរសេនីយ៍ទោ ឈឺន ម៉ៅ មេបញ្ជាការវរសេនាតូចលេខ៤១២ បានចាត់តាំងកម្លាំងចំនួន៦៥នាក់ ចុះជួយលើកផ្ទះអោយគ្រួសារកងទ័ព គឺលោក អនុសេនីយ៍ទោ ជា អូន មេបញ្ជាការរង វរសេនាតូចលេខ ៤១២ សាងសង់ផ្ទះបាន ១ខ្នង ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។
លោកអនុសេនីយ៍ទោ ជា អូន មេបញ្ជាការរង វរសេនាតូចលេខ ៤១២ និងគ្រួសារបានសម្តែងការអរគុណចំពោះមេបញ្ជាការវរសេនាតូចលេខ៤១២ ជាពិសេសឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ពួកគាត់៕