កំពង់ឆ្នាំង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង រំលឹកដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមិនទាន់បានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនេះ សូមអញ្ជើញរួសរាន់មកពិនិត្យបន្តទៀត ខណៈការបញ្ចប់ការបិទផ្សាយនឹងមកដល់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
បើតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានអោយដឹងថាសាធារណៈជននិងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ត្រូវមកចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះ បើផុតកំណត់ខាងលើគណៈកម្មការសន្មត់ថា ទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ។ ហើយគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេចបញ្ជូនឲ្យរដ្ឋបាលសូរិយោដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។
គួរបញ្ជាក់ថា ទីតាំងបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺនៅបរិវេណសាលាបុណ្យគោកណាំង ស្ថិតក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕










