កំពង់ឆ្នាំង ៖អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំមួយស្តីពីការហាមឃាត់ការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក (ដ្រូន ) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពងើឆ្នាំង ។
ការហាមឃាត់នេះត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង អះអាងថា ដើម្បីអានាសន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់ និងរបៀបរាបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ ។
ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ហាមដាច់ខាតការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក ( ដ្រូន ) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក (ដ្រូន )ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្ត កំពង់ឆ្នាំង ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន ។
ករណីដែលបងប្អូនប្រជាពលរដ្ឋប្រទះឃើញមានការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក( ដ្រូន )សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៨ ត្រូវនង្កើនការយកចិត្តទុកដាក់តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ ឲ្យបានល្អប្រសើរ។ ក្នុងករណីពិនិត្យឃើញជនណាបំពាននូវសេចក្តីណែនាំនេះត្រូវចាត់វិធានការជាបម្ទាន់ ៕











