រយៈ​ពេល​៣​ថ្ងៃ​ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ មាន​អ្នក​​ទេស​ចរ​ជាង​២០​ម៉ឺន​នាក់​ មក​លេង​នៅ​តាម​តំ​បន់​ទេសចរណ៍​នានា​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១,២និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរប្រមាណជាង ២០ម៉ឺននាក់ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ។

    លោក ប្រធានមន្ទីរបានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរ ចំនួន ២០៥ ១៥១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន​១១៩​នាក់ផងដែរ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។លោក សេងសាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះខេត្តកំពង់ឆ្នាំង បានក្លាយទៅជាខេត្តគោលដៅមួយ ដែលមានសក្ដានុពលទេសចណ៍នារដូវភ្ជុំបិណ្ឌដោយសារខេត្តនេះមានការអភិវឌ្ឍ និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ។ ក្រៅពីនោះក៏មានការចូលរួមចំណែកពីភាពល្អប្រសើរនៃសន្តិសុខសុវត្ថិភាព និងសន្តិភាព ដែលជាកត្តាចម្បង។


    លោក បានឲ្យដឹងថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ រួមមាន ទំនប់ស្ទាក់ទឹកស្ទឹងគង្គា,ទឹកធ្លាក់ថ្មក្រាល ,ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់ម្ភៃឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំងតំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូរណ៍ ទឹកជ្រោះអូរដារ ទំនប់ច្រកបាក់ដាវ ស្ថិតក្នុងស្រុកកំពង់លែង វត្តត្រឡែងកែង ស្ថិតក្នុងស្រុកកំពង់ត្រឡាច វត្តភ្នំព្រះធាតុ ស្ថិតក្នងស្រុកសាមគ្គីមានជ័យ និងមាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង