កំពង់ឆ្នាំង ៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំ ង បានឲ្យដឹងថា យុទ្ធនាការឃោសនា នៅព្រឹកនេះ មានអ្នកចូលរួមសរុប ចំនួន ១៥ ១២០ នាក់ ជួបជុំគ្នានៅទួលក្រឡាញ់ ក្នុងសង្កាត់កំពង់ឆ្នាំង និងបានដង្ហែក្បួនឆ្ពោះមកកាន់សួនច្បារវិមានឯករាជ្យ ហើយបំបែកទៅតាមផ្លូវសំខាន់ៗ ក្នុងក្រុងកំពង់ឆ្នាំង ដោយមានរថយន្តចំនួន ១ ២០៥គ្រឿង ម៉ូតូធំ៣គ្រឿង ម៉ូតូ២ ០១៥គ្រឿង កង់៩០គ្រឿង ឆៃយាំ៩ក្រុម ក្រុម របាំ១ក្រុម និងតន្ត្រីសម័យ ចំនួន៤ក្រុម ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ដោយឡែក កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ ចំនួន៤ចូលរួម ប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕











