ភាពយន្តខ្មែរ៣រឿង នឹងចាក់បញ្ចាំងនៅស្រុកកំពង់ត្រឡាច ដើម្បីបំផុសស្មារតីលើកកម្ពស់វិស័យសិល្បៈភាពយន្តនៅកម្ពុជា

  • ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានផ្តួចផ្តើមគំនិតនឹងរៀបចំចាក់បញ្ចាំងភាពយន្តរឿង របស់ផលិតកម្ម LD Picture នៅសាលាវិទ្យាល័យក្នុងស្រុកកំពង់ត្រឡាច ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជនទូទៅទស្សនា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។

    ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានបញ្ជាក់ទៀតថា ចាក់បញ្ចាំងភាពយន្ត គឺដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា និងដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសដើម្បីចូលរួមជួយលើកកម្ពស់ផលិតកម្មកម្ពុជាលើវិស័យសិល្បៈភាពយន្តដែលជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ក៏បានថ្លែងអំណរចំពោះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដែលបានសហការនិងជួយសម្របសម្រួលជាមួយផលិតកម្ម LD Picture ក្នុងការចាក់បញ្ចាំងខ្សែភាពយន្ត និង លោក លៀក លីដា អគ្គនាយកផលិតកម្ម LD Picture ដែលបានចូលរួមកិច្ចសហការផ្តល់ខ្សែភាពយន្តខ្មែរល្បីៗ សម្រាប់ចាក់បញ្ចាំងជូនសាធារណជនទស្សនាក្នុងស្រុកកំពង់ត្រឡាច។

    គួរបញ្ជាក់ថា ភាពយន្តរឿង របស់ផលិតកម្ម LD Picture ដែលនឹងត្រូវចាក់បញ្ចាំងជូនមហាជនទស្សនានៅស្រុកកំពង់ត្រឡាចនេះ រួមមាន រឿងត្រកូលអ្នកប្រដាល់ ,រឿងបងប្អូន២នាក់ និងរឿងនាយខ្វាក់នាយខ្វិនឆ្លងភព។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង