កម្ពុជានិងអាមេរិក ឯកភាពគ្នា​បន្តសហប្រតិប​ត្តិការ​គ្រប់ជំហាន​នីតិវិធី ចំពោះ​ការ​ធ្វើមា​តុភូមិនិវត្តន៍​របស់​ពលរដ្ឋខ្មែរ

  • នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារ ឯកឧត្តម ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។ ក្នុងជំនួបនេះ កម្ពុជា និងអាមេរិក បានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ។

    បើតាមក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យន្តការដែលកម្ពុជានិងអាមេរិក បានឯកភាពគ្នា បន្តសម្របសម្រួល និងសហប្រតិ បត្តិការនៅគ្រប់ជំហាននៃនីតិវិធី ចំពោះការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ រួមមាន ទី១ ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា, ទី២ ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង ទី៣, រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។

    ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏មានលើកឡើងផងដែរ ពីជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ដែលសហរដ្ឋអាមរិកផ្តល់ជូនកម្ពុជាឡើងវិញ។  បើតាមក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ថា ថវិកាជំនួយនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៤) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។

    ដោយឡែក ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី ក៏បានបញ្ជាក់ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។

    គួររម្លឹកថា ជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាពេលនេះធ្វើឡើងបន្ទាប់ជំនួបជាមួយ លោក ជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក នៅទីក្រុងញ៉ូវយ៉ក កាលពីអំឡុងពេល សម្តេចធិបតីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨  ។

    ក្នុងជំនួបលើទឹកដីអាមេរិកគ្រានោះ កម្ពុជា និងអាមេរិក បានពិភាក្សាផ្តោតលើការរិះរកវិធី និងមធ្យោ បា យ សម្រាប់ពង្រឹងទំ នា ក់ ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ជាពិ សេ ស សហរដ្ឋអាមេរិក បា ន សម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នា ក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង