សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ អំពាវ​នាវ​ពល​រដ្ឋ​ត្រូវ​រួម​គ្នា​ថែ​រ​ក្សា​សុខ​សន្តិ​ភាព​ ដើម្បី​បន្ត​ការ​អភិវ​ឌ្ឍន៍​សង្គម​ទាំង​វិស័យ​ពុទ្ធិ​ចក្រ ​និង​ អា​​ណាចក្រ ​

  • កំពង់ឆ្នាំង ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍សង្គម ទាំងវិស័យពុទ្ធិចក្រ និង អាណាចក្រ ព្រោះមានតែសន្ថិភាពតែប៉ុណ្ណោះ ដែលកម្ពុជានឹងអាចធ្វើឱ្យប្រទេស មានការអភិវឌ្ឍន៍ ។

    សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឱកាស ដែលសម្តេចអញ្ជើញចូលរួម ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបញ្ចុះបឋមសិលាកសាងកុដ្ឋ ក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមកនេះ បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិតាមរយៈការផ្សារភ្ជាប់រវាងអាណចក្រ និងពុទ្ធចក្រ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាពេលបច្ចុប្បន្ននេះ ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្ពុជានឹងទទួលបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការលើកកម្រិតកម្ពស់ជីវភាពកាន់តែប្រសើរឡើង កាត់បន្ថយនូវភាពក្រីក្រីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ នៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង