កំពង់ឆ្នាំង៖ សួនបាញ់ទឹកតាមចង្វាក់ភ្លេងមួយនឹងលេចរូបរាងឡើងកណ្តាលក្រុងកំពង់ឆ្នាំង យ៉ាងយូរត្រឹមចុងឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នសួនមួយនេះ កំពុងសម្រុកដំណើរការសាងសង់និងបានលេចរូបរាងជាបណ្តើរៗហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា “យើងកំពុងសម្រុកនេះ យើងធ្វើលក្ខណៈ មានភ្លើងហើយនិងភ្លេង យើងធ្វើដូចស្ទាយសួនមុខវត្តបទុមវតីចឹង ហើយកំពុងជំរុញឲ្យហើយចុងឆ្នាំនេះ(ឆ្នាំ២០២២)”។
ឯកឧត្តម បានបន្តថា សួនមួយនេះក៏មានសាងសង់សួនច្បារលម្អ បំពាក់ភ្លើងចម្រុះពណ៌ កន្លែងសម្រាប់អង្គុយលេង និងចំណតរថយន្តជាដើម។
គួរបញ្ជាក់ថា សួនបាញ់ទឹកតាមចង្វាក់ភ្លេងនេះ គឺសាងសង់នៅក្នុងបរិវេណសួនកុមារខេត្ត ដែលមានទីតាំងនៅខាងមុខសាលាខេត្តកំពង់ឆ្នាំង ។ នៅពេលសាងសង់រួចសួនមួយនេះ នឹងក្លាយទីកន្លែងដ៏ចាប់អារម្មណ៍ថ្មីមួយទៀតរបស់ពលរដ្ឋ សម្រាប់មកលំហែកាយ កម្សាន្តលេងផងដែរ ៕













