កំពង់ឆ្នាំង ៖ គិតត្រឹមពាក់កណ្តាល ខែកក្កដានេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចបង្ករបង្កើនផលស្រូវវស្សា បានជាង៩៣ភាគរយហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ។

លោក ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង មានផែនការដាំដុះស្រូវវស្សាលើផ្ទៃដីចំនួន ១២២ ០០០ ហិកតា ដែលគិតត្រឹមថ្ងៃទី១២ កក្កដានេះ នៅទូទាំងខេត្ត សម្រេចធ្វើបានលើផ្ទៃដីចំនួន ១១៤ ៣៥០ ហិកតា ស្មើនឹង៩៣,៧៣ភាគរយ ។ ក្នុងនោះព្រោះស្រូវស្រាលបាន ១៩ ៣៩៦ ហិកតា, ព្រោះនិង ស្ទូងស្រូវកណ្តាលបាន ៥២ ៥២១ ហិកតា, និងស្រូវធ្ងន់ បានចំនួន ៤២ ៤៣៣ ហិកតា ។

លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ក្រៅពីការងារបង្ករបង្កើនផល ស្រូវវស្សានោះ ប្រជាកសិករបាននាំគ្នាដាំដុះដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម បានចំនួន៦ ៧១៥ ហិកតាផងដែរ ដើម្បីកម្ពស់ជីវភាពក្នុងគ្រួសារ ៕











