លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឱ្យបងប្អូនកម្មករ កម្មការនី ពិចារណាឱ្យបានដិត ដល់លើគុណតម្លៃទឹកដោះម្តាយសម្រាប់កូនៗ ព្រោះការបំបៅកូនដោយទឹកដោះម្តាយ ពិតជាគុណតម្លៃ និងផលប្រយោជន៍ច្រើនណាស់សម្រាប់កូនៗ ។ ការអំពាវនេះបានធ្វើឡើងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅរោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT ក្នុងខេត្តកំពត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

លោកជំទាវ បានបញ្ជាក់ទៀតថា ទឹកដោះម្តាយ គឺពិតជាមានសារសំខាន់សម្រាប់កូនៗ ព្រោះទឹកដោះម្តាយអាចធ្វើឱ្យកូនៗមានបញ្ញាឈ្លាសវៃ មានខួរក្បាលល្អ រៀនពូកែ មានសុខភាពល្អប្រសើរ គ្មានជំងឺ រាងកាយមាំមួនសង្ហា និងកូនៗមានអនាគតបវររុងរឿង ហើយដែលគុណភាពទាំងអស់នេះ អាចសម្រេចបាន ដោយគ្រាន់តែអនុវត្តការបំបៅដោះកូន ឱ្យបានពេញលេញ ។

ជាមួយគ្នានេះ លោកស្រី Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ បានលើកឡើងថា បន្ទប់បំបៅដោះកូននៅ កន្លែងធ្វើការអាចជួយឱ្យស្ត្រី បន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់ រយ:ពេល៦ខែ បន្ទាប់ពីត្រលប់ចូលមកធ្វើការវិញ និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ ឆ្នាំ និងលើសពីនេះ។
លោកស្រី បន្តថា ស្ត្រីត្រូវការការលើកទឹកចិត្តពីប្តី គ្រួសារ អ្នក គ្រប់គ្រង បុគ្គលិក និងមិត្តរួមការងាររបស់ពួកគេ ដើម្បីធានានូវស្ថានភាពអាហារូបត្ថម្ភរបស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេបំបៅកូនដោយទឹកដោះម្តាយ។

គួរបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅរោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT ក្នុងខេត្តកំពតនេះគឺ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មការិនីក្នុងការបំបៅកូនឱ្យបានពេញលេញ។ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក លោកជំទាវ យូសុគន្ធ អភិបាលខេត្តរងខេត្តកំពត លោកជំទាវ គង់ វណ្ណា តំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកស្រី Sanne Sigh តំណាង គម្រោងMUSEFO នៃអង្គការ GIZ លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller, លោក Charles Li នាយករងក្រុមហ៊ុន Keme Garment Cambodia និងលោកស្រី លីម គួចចេង តំណាងរោងចក្រ JIA Garment ៕ ដោយ៖ រដ្ឋា










