កំពង់ឆ្នាំង ៖ មូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈវេទិការសម្ព័ន្ធសង្គមស៊ីវិល បានឧបត្ថម្ភកង់និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស ជាង៦ពាន់នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ។

ពិធីចែកកង់ និង សម្ភារៈសិក្សានេះ ធ្វើឡើងនៅសាលាបឋមសិក្សាពេជចង្វា ក្នុងឃុំពេជចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមកឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិការសម្ព័ន្ធសង្គមស៊ីវិល និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងថា អំណោយរបស់មូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលបានផ្តល់ជូននេះ សម្រាប់សិស្សានុសិស្សចំនួន៦ ១៩២នាក់ មកពីសាលាបឋមសិក្សាចំនួន៣៣ ស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុក៦ របស់ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះមានកង់ចំនួន៣០០កាតាប និង សម្ភារៈសិក្សាផងដែរ ។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនចិន និង មូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ ដែលបានជួយឧត្ថម្ភកង់ និង សម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅក្នុងខេត្តកំពង់ឆ្នាំងដែលកំពុងខ្វះខាតនេះ ។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ទៀតថា វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ពីទីប្រជុំជនទៅកាន់ទីជនបទ ដើម្បីផ្តល់ឳកាសដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ទទួលបានការអប់រំ សម្រាប់ទាំងអស់គ្នា ដោយធ្វើឲ្យមានការអប់រំមូលដ្ឋានយ៉ាងតិច៩ឆ្នាំ ដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ សម្រាប់សង្គមជាតិនាពេលអនាគត ៕











