រាជធានីភ្នំពេញ និងក្រុង៣ទៀតរបស់កម្ពុជា ត្រូវបានក្រសួងបរិស្ថាន ប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដី ស្អាត ទឹកស្អាត និងខ្យល់ស្អាតអាស៊ាន ដែលបានសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៦ រៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងមក។ក្នុងនោះ ក្រុងកែប ទទួលបានវិញ្ញាបនបត្រ ជាទីក្រុងខ្យល់ស្អាត រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រ ជាទីក្រុងទឹកស្អាត និងក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រជាទីក្រុងដីស្អាត។ ដោយឡែក ក្រុងព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២១។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រ កាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថាការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ គឺដោយសារកត្ដាសុខសន្តិភាព និងស្ថេរភាពនយោបាយ ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់ភាពកក់ក្តៅ សន្តិភាព និងសុខុមាលភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានកំណត់យកការអភិវឌ្ឍបៃតងជាគោលការណ៍សំខាន់នៃការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម បន្ថែមថា ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ធានាបាននូវទីក្រុងស្អាតនិងបៃតង ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យដោយមានសសរ ស្តម្ភសំខាន់ៗចំនួន៤រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមបញ្ចូលគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។ ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើគុណភាពដី ទឹក និងខ្យល់ជាដើម។
ជាមួយគ្នានោះ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ដោយមើលឃើញពីកំណើននៃបញ្ហាបរិស្ថាននៅតាមទីក្រុង និងក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងក្នុង បណ្តាប្រទេសអាស៊ានប្រកបដោយភាពស្អាតនិងបៃតង ទើបនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅទីក្រុងហាណូយ ក្នុងឆ្នាំ២០០៨ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពរួមមួយសម្រាប់តំបន់ គឺការអភិវឌ្ឍទីក្រុងឱ្យមាននិរន្តរភាពបរិស្ថាន ដែលមានសូចនាករវាយតម្លៃសំខាន់ចំនួន៣ គឺខ្យល់ស្អាត ទឹកស្អាត និងដីស្អាត និងដោយបានធ្វើការប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន (ASEAN ESC Award) លើកទី១ ដល់ទីក្រុងចំនួន ១០ នៅតាមប្រទេសអាស៊ាន ក្នុងនោះរាជធានីភ្នំពេញបានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានលើកទី១ ផងដែរ។
គួរបញ្ជាក់ថា សម្រាប់កម្ពុជា ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថាន គឺមានរាជធានីភ្នំពេញ ទទួលបាននៅ ឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបង ទទួលបាននៅឆ្នាំ២០១៣ ក្រុងកែប ទទួលបាននៅឆ្នាំ២០១៧ និងទីក្រុងព្រះសីហនុ ទទួលបាននៅឆ្នាំ២០២១ ។ ដោយឡែក វិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត គឺមានក្រុងសៀមរាប ទទួលបានឆ្នាំ២០១៣ ក្រុងពោធិសាត់ ទទួលបាន ឆ្នាំ២០១៧ និងរាជធានីភ្នំពេញ ទទួលបានឆ្នាំ២០២១ ។ រីឯ វិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត ក្រុងសែនមនោរម្យ ទទួលបាននៅឆ្នាំ២០២១ និងទីក្រុងកែប ទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត ទទួលបាននៅឆ្នាំ២០២១។












