រាជធានី ខេត្ត ចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល បានក្លាយជាតំបន់រងលែងមានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំង មនុស្សមុនគេនៅកម្ពុជា ក្រោយពីអង្គភាពសុម៉ាក់ បាន បញ្ចប់កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ។
បើតាមឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានអោយដឹងថា ប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ ក្នុងរាជធានី ខេត្ត ទាំង៣លើផ្ទៃដីសរុបចំនួន ជាង២៥០ហិចតា ក្នុងនោះ ខេត្តកណ្តាល មានផ្ទៃដីចំនួន ៦៤ហិចតា ខេត្តកែប ៦៩,៨ ហិចតា និងរាជធានីភ្នំពេញមាន ១២៥,៧ ហិចតា។ ដោយឡែក ទិសដៅបន្តបន្ទាប់ គឺអង្គភាពស៊ីម៉ាក់ចល័តកម្លាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សក្នុងឆ្នាំ២០២២នេះ ។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ទៀតថា ការប្រកាសថាខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា”ខេត្តគ្មានគ្រាប់មីន” មិនមានន័យថា ខេត្តទាំងនោះអស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស ដូចនេះប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយត្ន័និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះឱ្យអស់ពីកម្ពុជា ។
គួរបញ្ជាក់ថា ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខីចំនួន១៦៤ប្រទេស ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកសកម្ម មួយបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។
តាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ ២០២២-២០២៥ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡា គឺប្រមាណ៩០ភាគរយនៃបញ្ហាគ្រាប់មីនដែលសល់៕











