រយៈ​​​ពេល​ពេញ​​​១​ខែ​​វិច្ឆិកា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ​ដោះ​ស្រាយ​​ទំនាស់​​និង​សំណូម​​ពរ​​ជូន​​ពលរដ្ឋបាន​​ជាង​ ៥០០​ករណី

  • កំពង់ឆ្នាំង៖ ក្នុងរយះពេលពេញមួយខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះ​ដោះស្រាយ​ទំនាស់ និង សំណូមពរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​នានាបាន ចំនួន៥៤​៩ ករណី ខណៈនៅសល់ចំនួន១៧៤ករណីទៀត នឹងត្រូវបន្តដោះស្រាយនៅក្នុងខែធ្នូ ។​នេះបើ​យោង​តាមរបាយការណ៍ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង នៅក្នុងកិច្ច​ប្រជុំបូកសរុបលទ្ធផលយុទ្ធនាការដោះស្រាយទំនាស់ និងសំណូម​ពរ​ជូនប្រជាពលរដ្ឋ នាព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ ​ចំពោះបណ្តឹងនិ​ង​សំណូម​ពររបស់​ប្រជាពលរដ្ឋ​សរុបទាំងអស់មានចំនួន៧២៣ករណី ក្នុងនោះទំនាស់​ក្នុងវិស័យដីធ្លីមាន​ចំនួន៣៩៦ករណី ទំនាស់​ក្នុងគ្រួសារមានចំនួន១៣០ករណី ទំនាស់ពាក្យសំដី បិទផ្លូវ ជំពាក់​ប្រាក់ មិនអនុវត្ត​កិច្ចសន្យាផ្សេងៗចំនួន២៣ករណី សំណើនិងសំណូមពរចំនួន១៤៥ករណី ។

    ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឋន៍​ជនបទ និង ជាប្រធាន​ក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន កោតសរសើរចំពោះ​រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំរៀបចំនូវយន្តការដោះស្រាយ ទំនាស់និងសំណូមពរជូនប្រជាបលរដ្ឋនៅ​តាមមូលដ្ឋាន ដែលធ្វើឱ្យគូវិវាទត្រូវរូវគ្នា ព្រមទទួលយកដោយក្តីរីករាយ និង ឈ្នះឈ្នះ​ទាំង​អស់គ្នា  ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា យន្តការដោះស្រាយទំនាស់និងសំណូមពរជូនប្រជាបលរដ្ឋនេះ មន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់ អនុវត្តឱ្យបាន​កាន់តែល្អ ប្រសើរ​បន្ថែម ទៀត ដើម្បីឆ្លើយតបបានតាមសំណូមពរ និង តម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងនាម​ជាអ្នក​បម្រើប្រជាពលរដ្ឋ ។

    គួរបញ្ជាក់ថា យុទ្ធនាការចុះដោះស្រាយ​ទំនាស់ និង​សំណូម​ពរជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត​កំពង់​ឆ្នាំង​ ចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានលោក លោកស្រី ជាអភិបាលរង​ខេត្តមួយ​រូបដឹកនាំផ្ទាល់ សម្រាប់ចុះទៅតាមក្រុង ស្រុកទាំង៨របស់ខេត្តកំពង់ឆ្នាំង ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង