កំពង់ឆ្នាំង ៖ អត្រាឆ្លងកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះមានមនុស្សចំនួន២៩នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ ។ នេះបើតាមសេច
ក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង២៩នាក់
នេះ ជាអាជីវករ កម្មករ អ្នកបើកបរតាក់ស៊ី ជាងទង ជាងកាត់ដេរ ជាងដែក បុគ្គលិកធ្វើផ្លូវ និង មន្ត្រីរាជការ ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៩៨០នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦១៨នាក់ ស្លាប់ចំនួន៩២នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៧០នាក់ ៕











