កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១២ សីហា មានអ្នកធ្វើដំណើរល្មើសនឹងបម្រាមគោចរនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៨នាក់ ត្រូវកម្លាំងនគរបាលឃាត់សួរនាំអប់រំ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ ខែសីហានេះ ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបន្ថែមថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះល្បាតជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអនុវត្តន៍វិធានការបម្រាមគោចរ ពីចន្លោះម៉ោង៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកកាលពីយប់មិញ កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំងក៏បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានា មានចំនួន៣០គោលដៅ និង ៧៨ទីតាំង មនុស្សសរុប៦៦នាក់ ស្រី ២០នាក់ ផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញបម្រាមគោចរនៅក្រុងកំពង់ឆ្នាំង និងតាមទីប្រជុំជនស្រុកនីមួយៗពីចន្លោះម៉ោង ៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ -១៩។ បម្រាមគោចរនេះ ត្រូវបានអនុវត្តរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ។











