កំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនិង ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានជំរុញដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់ ឱ្យចូលរួមអនុវត្តនូវវិធានាការសុខាភិបាល ជាពិសេសវិធានការ ៣កុំ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដោយសារបច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។

ការជំរុញរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់ថវិកា និងអំណោយជាស្បៀងអាហារជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត ។

ដើម្បីទប់ស្កាត់នូវការរីករាលដាលវីរុសបំប្លែងថ្មី ប្រភេទដែលតា សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានជំរុញអាជ្ញាធរត្រូវតែបង្កើនសកម្មភាព និងត្រៀមបង្ការគ្រប់កាលៈទេសៈ ដូចជារៀបចំទីតាំងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល ហើយមន្ទីរសុខាភិបាល ត្រូវត្រៀមបរិក្ខាពេទ្យ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ។

ជាមួយគ្នានោះ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានលើកឡើងដែរថា កន្លងមកនេះនៅក្នុងខេត្តកំពង់ឆ្នាំង ចូលរួមយ៉ាងសកម្ម ក្នុងអប់រំផ្សព្វផ្សាយនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការផ្សព្វផ្សាយនៅតាមទីប្រជុំជននានាដូចជា រោងចក្រ ផ្សារ ភូមិ ឃុំ ស្រុកនៅគ្រប់មូលដ្ឋាន។
ឯកឧត្តម បន្តថា បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំងមានមណ្ឌលចត្តាឡីស័កមានចំនួន១១កន្លែងនៅទូទាំង៨ក្រុងស្រុក និងមានរៀបចំមណ្ឌលព្យបាលបាលចំនួន៦កន្លែងផងដែរ ៕










