រយះ​ពេល​២​ថ្ងៃ​សមត្ថកិច្ច​បន្ត​ចុះ​​បង្ក្រាប​បទ​ ល្មើស​របាំង​ស្បៃ​មុង​៤១​កន្លែង​ របាំង​រាំង​ភ្ជឹត​ព្រែក​១​កន្លែង​ និង​ជន​១វង់​

  • កំពង់ឆ្នាំង ៖រយះពេល២ថ្ងៃកម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះល្បាតនៅតាមដងទន្លេ និងបានបង្ក្រាបបទល្មើសរបាំងស្បៃមុងចំនួន៤១កន្លែង របាំងរាំងរាំងភ្ជឹតព្រែក១កន្លែងនិងឧបករណ៍ជនរុញ១វង់ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ សហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថស្រុកជលគិរីព្រមទាំងកម្លាំងសហគមន៍នេសាទភូមិថ្មី ចុះ​ទៅ​កាន់ភូមិសាស្ត្រ ឃុំជលសារ ប្រទះឃើញបទល្មើសរបាំងស្បៃមុង ដោយបានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។ ក្នុងនោះមានរបាំងស្បៃមុង១៣កន្លែង ប្រវែង១ ៥០០ ម៉ែត្រ លូស្បៃមុងចំនួន ១៣គ្រឿង បង្គោល៣០០ដើម និងចាក់លែងត្រីចម្រុះ ចំនួន៥០ គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    ដោយឡែកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងបានចែកចេញជា៣ក្រុម ដែលក្រុមទី១ បន្តចុះទៅកាន់ភូមិសាស្ត្រ ឃុំជលសារស្រុកជលគិរី ដោយបានរុះរើបំផ្លាញចោលរបាំងស្បៃមុង២៨កន្លែង ប្រវែង ១ ៨២០ម៉ែត្រ លូស្បៃមុងចំនួន២៨គ្រឿង បង្គោលចំនួន៤៩៥ដើម និងចាក់លែងត្រីចម្រុះ ចំនួន​១៨៥ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ។

     

    ក្រុមទី២ បានចុះទៅកាន់ភូមិសាស្រ្ត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដោយបានសម្រេចរុះរើបំផ្លាញចោលរបាំងរាំងភ្ជឹតព្រែក១កន្លែងប្រវែង១៥ ម៉ែត្រ លបឬស្សី ចំនួន២គ្រឿង បង្គោល ចំនួន៤០ដើម និងព្រួលឬស្សី ចំនួន១០ផែន ។

    ក្រុមទី៣ បានចុះបង្ក្រាបឧបករណ៍ជនរុញដោយប្រើកម្លាំង ម៉ាស៊ីន១វង់ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះ រឹបអូសមធ្យោបាយល្មើស មានកាណូតបាឡាស្មាច់ ចំនួន៥គ្រឿង ដងជន១០ដើម និងសាច់អួន៥មាត់ ។

    លោក លី ឡា បានឲ្យដឹងថា នៅក្នុងប្រតិបតិ្តការបង្ក្រាប បទល្មើសនេសាទ រយះពេល២ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះ មិនមានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។ ពួកគេបានរត់គេចខ្លួន នៅមុនពេលដែលសមត្ថកិច្ចទៅដល់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង