កំពង់ឆ្នាំង ៖ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមបណ្តារោងចក្រ សហគ្រាស នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះ នៅថ្ងៃនេះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង , លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុនប្រធានមន្ទីរសុខភិបាលខេត្ត និង លោកសោម ស៊ីណាត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានបន្តចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំ របស់រដ្ឋបាល ខេត្ត ក្នុងការរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ដល់ម្ចាស់រោងចក្រ សហគ្រាស នៅក្នុងស្រុកកំពង់ត្រឡាច ។

លោកសោម ស៊ីណាត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាកន្លងមកនៅតាមរោងចក្រសហគ្រាសនីមួយៗ អនុវត្តបានត្រឹមត្រូវតាមការណែនាំ របស់របស់ក្រសួងសុខាភិបាល អំពីវិធានការអនាម័យបានយ៉ាងល្អប្រសើរផងដែរ ។

លោកប្រធានមន្ទីរបញ្ជាក់ថា កន្លងមកនេះខេត្តកំពង់ឆ្នាំង បានរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តារោងចក្រមួយចំនួនផងដែរ ប៉ុន្តែដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរខេត្ត ស្រុក និង មន្ទីរសុខាភិបាល បានចុះស្រាវជ្រាវ អប់រំ និង ដាក់វិធានការទប់ស្កាត់បានទាន់ពេលវេលា ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះម្ចាស់រោងចក្រសហគ្រាស ដែលតែងតែបានចូលរួមអនុវត្តបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរខេត្ត ស្រុក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ដែលកិច្ចការទាំងនេះគឺជាកិច្ចការរួមមួយត្រូវតែមានការចូលរួមទាំងអស់គ្នា ទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃចំងឺកូវីដ១៩នេះមានប្រសិទ្ធភាព ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព ដល់បុគ្គលិក កម្មករ កម្មការនី ចៀសផុតពីជំងឺកូវីដ១៩ ត្រូវអនុវត្តវិធានការ៣កុំ ៣ការពារជាប់ជានិច្ច ។ ហើយត្រូវតែត្រៀមលក្ខណៈអំពីបញ្ហាប្រឈមនានា ដែលអាចកើតមាន ក្នុងករណីមានវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រត្រូវមាន ទីតាំងមណ្ឌលចត្តាឡីស័កសម្រាប់ដាក់កម្មករកម្មការនី ។ ការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក គឺជាកិច្ចការដ៏សំខាន់ ដែលម្ចាស់រោងចក្រសហគ្រាស កម្មករ កម្មការនី ត្រូវតែរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងសហគមន៍ និង ក្រុមគ្រួសាររបស់ខ្លួន ៕










