អង្គ​ការ​ទស្សនៈ​ពិ​ភព​លោក​ប្រ​ចាំ​តំ​បន់​ប្រតិ​បត្តិ​ការ​ស្រុក​រលា​ប្អៀរ​ ​ផ្តល់​សម្ភារៈ​ និង​ ស្បៀង​ដល់​រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ សម្ភារៈនិងស្បៀរ សម្រាប់ចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ របស់អង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ បានផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត និង លោកស្រីឡាយ លីនាង ប្រធានកម្មវិធីតំបន់ប្រតិបត្តិការស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោក ។

    លោកស្រីឡាយ លីនាង ប្រធានកម្មវិធីតំបន់ស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោកបានឲ្យដឹងថា អង្គការទស្សនៈពិភពលោក តែងតែបានធ្វើសកម្មភាពជាប្រចាំ ក្នុងកិច្ចប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋ ទៅតាមសកម្មភាព នៃគម្រោងនីមួយៗ ក្នុងភូមិសាស្រ្តដែលអង្គការបានធ្វើប្រតិបត្តិការ ។ ដើម្បីចូលរួមសកម្មភាពក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ត នៃខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះបានចូលរួមផ្តល់នូវ សម្ភារៈ និង ស្បៀង សម្រាប់ចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងគោលដៅទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការទស្សនៈពិភពលោក ដែលជានិច្ចកាលតែងតែ បានធ្វើកិច្ចសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចួលរួមនូវកិច្ចអភិវឌ្ឍនានា ព្រមទាំងកិច្ចការសង្រ្គោះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា អង្គការសមាគមន៍នានា គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចដំណើរ នៃការអភិវឌ្ឍន៍សង្គម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធារឆ្លើយតបបានតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា អង្គការទស្សនពិភពលោក គឺជាអង្គការមួយដែលធ្វើការប្រកប ដោយតម្លាភាព និង ប្រសិទ្ធិភាពខ្ពស់ ហើយមានសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា ។ ដើម្បីបំពេញបន្ថែមរាល់សកម្មភាពនៃការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ អង្គការទស្សនៈពិភពលោកបានផ្តល់នូវកិច្ចសហការ ក្នុងការលើកកម្ពស់នូវសុខមាលភាពសង្គមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងគោលដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

    អំណោយដែលអង្គការទស្សនៈពិភពលោក បានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ មានគ្រែពេទ្យចំនួន២០ ម៉ាស់ចំនួន៥០ប្រអប់ ភួយសំឡីចំនួន២០ អង្ករផ្កាម្លិះចំនួន១តោន ខ្នើយសំឡីចំនួន២០ អាល់កុលចំនួន២០០លីត្រ ទឹកបរិសុទ្ធចំនួន៥០កេស និង សាប៊ូដុំចំនួន ៧២ដុំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង