កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានដាក់វិធានការដ៏ម៉ឺងម៉ាត់មួយចំពោះសមត្ថកិច្ច អាជ្ញាធរ ត្រូវពង្រឹងកិច្ចការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ។ការលើកឡើងរបស់ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភឆ្នាំ២០២១នៅសាលាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នេះអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ពិសេសតាមផ្សារនានាទាំងនៅក្នុងក្រុង ស្រុក និង បណ្តាទីប្រជុំជន ត្រូវមានវិធានការឲ្យបានច្បាស់លាស់ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ព្រោះថានៅពេលនេះបងប្អូនដែលជាប៉សែស្រឡាយចិនវៀតណាមនិងមកច្រើនពិសេសនៅតាមផ្សារតែម្តង ។ ត្រូវតែយកចិត្តទុកដាក់បំផុត ដោយមិនឲ្យមានការកកស្ទះការធ្វើដំណើរនិង ត្រូវការពារឲ្យបាននូវរាល់បទល្មើសនានា ព្រោះថានាពេលនេះ ក្រុមជនខិលខូចតែងតែធ្វើសកម្មភាពផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ចំពោះរថយន្តពន្លត់អគ្គិភ័យត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានឧប្បត្តិហេតុកើតឡើងភ្លាមៗ ។ជាពិសេសសមត្ថកិច្ចត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ក្នុងការអុជធូបទៀន ឬ ប្រើប្រាស់ភ្លើងអគ្គិសនី ក្នុងពេលសែនដូនតា មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងឲ្យបានអស់ និងរឹតបន្តឹងកុំឲ្យដុតផាវដែលអាចបង្កគ្រោះអគ្គិភ័យ និង គ្រោះថ្នាក់ផ្សេងៗ និង បង្ករសំលេងរំខានផងដែរ ។ ជាមួយនេះក៏ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមនេះ ៕




